បណ្ណសារ

Archive for the ‘សង្គមខ្មែរ Khmer Society’ Category

អ្នក​ស្រែត្រូវដី និងអ្នកស្រែអស់ដី

ខែ​មីនា 22, 2008 មតិ 19

កាលពីព្រឹក​មិញ​នេះ​មាន​បុស្តិ៍​វិទ្យុ​មួយ​បាន​រាយការណ៍​ថា​មាន​អ្នក​ស្រែ​ចម្ការ​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​មក​ឈប់​ទៅ​ក្បែរ​កន្លែង​លក់រថយន្ត​ទំនើប។ ពេល​មកដល់​គាត់​ឈរ​រេររៗ ពេលនោះ​កម្មករ​ដែលធ្វើការនៅកន្លែង​លក់រថយន្ត​បាន​សួរ​ថា «​មក​រក​អីគេ?​» គាត់​ឆ្លើយ​ថា «​​មក​រក​ទិញ​ឡាន» ពេល​នោះ​កម្មករ​ក៏​សើច​ហើយ​ដេញ​គាត់​ចេញ រួច​ពោល​ពាក្យ​​គំរោះ​បោះបោក​​ថា «​​ស្អី​! មុខ​នឹង​មាន​លុយ​ទិញ​ឡាន​» ស្រាប់​តែ​ពេល​នោះ​អ្នក​ស្រែ​យើង​ហុច​ក្រដាស​មួយ​សន្លឹក​ដែល​មាន​សរសេរ​ថា «​Lexus 470​» រួច​ហើយ​គាត់​ស្រាយ​ក្រមា​ដែល​រុំ​ជុំ​វិញ​ចង្កេះ​គាត់​​រួច​លា​យក​លុយ​ចេញ​មក​ក្រៅសុទ្ធ​តែ​ក្រដាសប្រាក់​ប្រភេទ​ ១០០ ដុល្លារ​ចំនួន ៨០០.០០០,០០ ដុល្លារ​អាមេរិក ហើយ​គាត់និយាយ​ទៅ​កាន់​កម្មករ​នោះ​ថា «​ខ្ញុំ​លឺ​ថា​អានឹង​មួយ​បួន​ម៉ីន​ដុល្លារ ចឹង​ពីរ​ប្រាំ​បី​ម៉ីន​ត្រូវ​អត់?​» ស្រាប់​តែ​កម្មករ​នោះ​ធ្វើ​ភ្នែក​មីង​ម៉ង់​ៗ​ ហើយ​ស្រឡាំង​កាំង (កុំ​ច្រឡំ​អោយ​សោះ​អា​នាង​ជា​មួយ​អ្នក​ស្រែ​ឆ្នាំ ២០០៨​ ស្មោះ :D ​)

បច្ចុប្បន្ន​នេះ​តំលៃដី​នៅ​កម្ពុជា​កំពុង​តែ​ឡើង​ថ្លៃ​យ៉ាងខ្លាំង។ ដោយសារ​តែ​ដី​ត្រូវ​ប៉ាន​ខ្លាំង​ ប្រជាកសិករ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​លក់​ដី​ស្រែ​ចំការ​របស់​គាត់​ ព្រោះ​អី​ថា​ទិន្នផល​ប្រចាំ​ឆ្នាំ​​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ស្រែ​ចំការ​របស់​គាត់​គឺ​មិន​អាច​ប្រៀប​បាន​នឹង​តំលៃ​ដី​ដែល​គាត់​អាច​លក់​បាន​នាពេល​បច្ចុប្បន្ន​នេះ​ឡើយ។ តំលៃ​ដី​បច្ចុប្បន្ន​បាន​ត្រូវ​លើក​យក​មក​ជជែក​គ្នា​គ្រប់​ទិស​ទី និងគ្រប់​មជ្ឈដ្ឋាន​មិន​ថា​នៅ​កន្លែង​ធ្វើ​ការ រឺ​ក៏​ក្នុង​ក្រុម​គ្រួសារឡើយ។ ម្នាក់​ៗ​តែង​តែ​និយាយ​ប្រាប់​គ្នា​ថាអ្នក​នេះ​ អ្នក​នោះលក់​ដី​បួនដប់​ម៉ីន កន្លែង​នេះ​ដី​ត្រូវ​ប៉ាន កន្លែង​នោះ​ដី​នឹង​ឡើង​ថ្លៃ​ទិញ​ទៅ​មិន​ខុស​ទេ។​ តំលៃដី​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ និង​តំបន់​ពាណិជ្ចកម្ម​ខ្លះ​បាន​កើន​ឡើង​មួយ​ធ្វេរ​ជា​ ៣ (​មួយ​ម៉ែត្រ​ការេ​ប្រហែល​ជា ៣.០០០ ដុល្លារ​) ក្នុង​រយៈកាល​ ២ ឆ្នាំ​ចុងក្រោយ​នេះ។ ការ​ធ្វើ​បរិកប្ប​ (​បើ​សំណាង​) ដីធ្លី​អាចនឹង​ធ្វើ​អោយ​ប្រជាជន​មួយ​ចំនួន​ទទួល​បាន​ប្រាក់​ចំណេញ​រហូត​ដល់​ទៅ ១០០ ឬ​ក៏​ ២០០ ភាគរយក្នុង​មួយ​ឆ្នាំ។

តើ​តំលៃ​ដី​ឡើង​ថ្លៃ​​គឺ​ជា​បច្ច័យ​ល្អ​ រឺ​អាក្រក់​សំរាប់​ប្រជាជន​កម្ពុជា និង​សេដ្ឋកិច្ច​កម្ពុជា​?

បញ្ហារ​ដី​ឡើង​ថ្លៃ​វា​ដូច​ជា​កំបិត​មុខ​ពីរ​អញ្ចឹង។ ប្រសិន​បើ​​គ្មានការ​​គ្រប់​គ្រង​​ដោយ​ប្រុង​ប្រយត្ន័​នោះ​ទេ​ វា​នឹង​អាច​ឈាន​ដល់​ដំណាក់​កាល​មួយ​ដែល​គេ​ហៅ​ថា​បដិវត្ត​ដី​ធ្លី (​នេះ​បើ​យោង​តាម​ការ​យល់​ឃើញ​របស់​អ្នក​សេដ្ឋកិច្ច និង​អ្នក​សង្គម​វិទូរ​មួយ​ចំនួន)។

គុណវិបត្តិ

ការ​កើន​ឡើង​នៅ​តំលៃ​ដី​បាន​ជំរុញ​អោយ​បាន​ការ​រំលោភ​បំពាន​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​​ពី​សំណាក់​អ្នក​មាន​អំណាច​ និង​ឈ្នួញ​ទុច្ចរិត​មួយ​ចំនួន តួយ៉ាង​ដូច​ជា​ករណី​រំលោភ​យក​ដី​របស់​អ្នក​មាន​អំណាចនៅ​ក្នុងភូមិ​មួយនៅ​ប៉ោយបែត​ក្បែរ​ព្រំ​ដែន​ប្រទេស​ថៃ​ ដែល​ក្នុង​ជំលោះ​នោះ​បាន​ធ្វើ​អោយ​អ្នក​ភូមិ​ចំនួន​ ៥​ នាក់​បាន​បាត់​បង់ជីវិត។ ករណី​ដោយ​ឡែក​មួយ​ទៀត​គឺ​កើត​ឡើង​នៅ​ក្នុង​ភ្នំពេញ​ ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​មួយ​ត្រូវ​បាន​បង្ខំ​អោយ​លក់​ដី​ទៅ​អោយ​ឈ្នួញ​ក្នុង​តំលៃ​ថោក​។ នេះ​បើ​យោងតាម​របាយការណ៍​ពិសេស​មួយរបស់​លោក​ Miloon Kothari ដែល​បាន​ធ្វើ​ទស្សនកិច្ច​ចំនួន​ពី​រ​សប្តាហ៍នៅ​កម្ពុជា​។ ការ​កើត​មាន​ឡើង​នូវ​អំពី​រំលោភ​យក​ដី​ធ្លី​នេះ គឺបណ្តាល​មក​ពី​ការ​កើន​ឡើង​កប់​ពពក​នូវ​តំលៃ​ដី។ ហើយ​កត្តា​ដ៏​ចំបង​មួយ​ដែល​បង្ករ​លក្ខណៈ​ដល់​អ្នក​មាន​អំណាច​ និង​ឈ្មួ​ញទុច្ចរិត​ក្នុង​ការ​រំលោភ​យក​ដី​នោះ​គឺ​មក​ពី​បញ្ហា​កម្មសិទ្ធិ​ដី​មិន​ច្បាស់លាស់។ ប្រជា​ជន​ភាគ​ច្រើន​ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ (​ប្លង់​រឹង​) ទេ បើ​ទោះ​បី​ជា​ពួក​គាត់​រស់​នៅ​លើ​ដី​កម្មសិទ្ធិ រឺ​ក៏​ប្រកប​ការងារ​កសិកម្ម​លើ​ដី​របស់​គាត់​តាំង​តែ​ពី​យូរ​យ៉ារហើយ​​ក៏​ដោយ។ ដូច្នេះ​កើន​ឡើង​នូវ​តំលៃ​ដីដែល​ជំរុញ​អោយ​មាន​ការ​រំលោភ​បំពាន​យក​ដី​ធ្លី​វា​​នឹង​ធ្វើ​អោយ​ប្រជា​ជន​មួយ​ចំនួន​ជា​ពិសេស​ប្រ​ជាកសិករ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដីធ្លឺស្រែ​ចំការ​ និង​ធ្វើ​អោយ​គាត់​ធ្លាក់​ក្នុង​ភាព​ក្រី​ក្រ។

គុណសម្បត្តិ

នៅ​កម្ពុជា ការកើន​ឡើង​នូវ​តំលៃដី​បាន​ជំរុញ​អោយ​ការវិនិយោគ​លើ​អចលនទ្រព្យ​​កើន​ឡើង​គួរ​អោយ​កត់​សំគាល់​ក្នុង​រយៈកាល​ជិត​មួយ​ទស្សវត្ស​ចុង​ក្រោយ​នេះ។ ការវិនិយោគ​លើ​សំណង់​ផ្ទះល្វែង អារគារ​ធំ​ៗ និង​ទីក្រុង​ប្រណិត​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​សេដ្ឋកិច្ចកម្ពុជា។​ បើ​យោង​តាម​របាយការណ៍ស្តី​ពី​ការវិនិយោគផ្ទាល់​បរទេស គ្រាន់​តែ​គំរោង​ទីក្រុង​ទំនើប​មួយ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បួងឈ្មោះ World City Co., គឺ​មាន​តំលៃ​វិនិយោគ​រហូត​ដល់​ទៅ​ជាង ២ ពាន់​លាន​ដុល្លារ​ទៅ​ហើយ​សំរាប់​គំរោង​សាង​សង់​ទីក្រុង​ទំនើប​ដែល​មាន​ឈ្មោះថា Camko City ​នៅ​ទិសពាយព្យ​ទីក្រុង​ភ្នំពេញ។ ថ្មីៗ​នេះ​ការ​បើក​សំពោធ​គំរោង​សាងសង់​អាគារ​កំពស់ ៤២ ជាន់​លើ​អតីត​ដី​មន្ទីរពេទ្យចិន​​ ដែល​ត្រូវ​បាន​គេ​អោយ​ឈ្មោះ​ថា Golden Tower 42 គឺ​មាន​ទឹក​ប្រាក់​រហូតដល់​ទៅជាង ២៥០ លាន​ដុល្លារ។ តែ​ទោះ​បីជាយ៉ាងណាក៏​ដោយ​ អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា​គំរោង​ទាំង​ពីរ​ខាង​លើ​នេះ​មិន​បាន​ផ្តល់​អត្ថប្រយោជន៍​ប៉ុន្មាន​ទេ​ដល់​សេដ្ឋកិច្ចកម្ពុជា​ ព្រោះ​ថា​ការវិនិយោគ​នោះ​គឺ​ដូចជា​ធ្វើ​នំ​អត់​ម្សៅ (​មាន​ន័យ​ថា​គេ​ប្រើ​ប្រាស់​ធនធាន​ក្នុងស្រុក​​តាម​រយៈ​ការ​គៀង​គង​ធនធាន​ពី​អ្នក​មាន​នៅ​ស្រុក​ខ្មែរ​ដែល​លុយ​របស់​គេ​បាន​កប់​ទុក​ជា​យូរ​មកហើយ)។

តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​បញ្ហារ​ដី​ធ្លី​នៅ​កម្ពុជា? សូម​ចែក​រំលែក​មតិ​យោបល់​របស់អ្នក​នៅ​ទី​នេះ។

Ooh, Shit !!!​​ អី​ក៏​ឡើង​​ខ្លាំង​ម៉្លេះ

ខែ​មីនា 18, 2008 មតិ 12

សូម​ទោស​ដែល​​ប្រើ​ពាក្យ​​នឹង :D ព្រឹក​មិញ​នេះ​ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រឺត​នៅ​ពេល​ដែល​ខ្ញុំ​ក្រឡេក​មើល​ទៅ​ក្តារ​តំលៃ​សាំង​ និង​ប្រេង​ដែល​គេ​ដាក់​នៅ​តាម​ស្ថានីយ៏​ប្រេង​ឥន្ធៈ។ រាល់​ដង​ពេល​ចាក់​សាំង​ខ្ញុំ​អត់​ដែរ​បាន​ចាប់​អារម្មណ័​ថា​ម៉ា​លីត្រ​ប៉ុន្មាន​ទេ​ ព្រោះ​រាល់​ដល់​ខ្ញុំ​គ្រាន់​តែ​ប្រាប់​អ្នក​ចាក់​សាំង​ថា «​ចាក់​ ១០ រឺ​ក៏​ ២០ ដុល្លារ​មក​» តែ​ថ្ងៃ​មិញ​ពេល​​ឃើញ​តារាង​តំលៃ​ដែល​គេ​ដាក់​បង្ហាញ​នោះ​គឺ​… ព្រះ… ម៉ា​លីត្រ ៤.៧០០ រៀល​​​សំរាប់​សាំង​ធម្មតា។

បើ​គិត​ជា​មធ្យម​អត្រា​​អតិផរណានៅ​កម្ពុជា​ក្នង​ឆ្នាំ ២០០៧ គឺ​តែ ១០,៨​ ភាគរយ​តែ​ប៉ុណ្ណោះ តែ​បើ​យើង​ក្រឡេក​មើល​​អត្រា​អតិផរណា​តាម​ប្រភេទ​ទំនិញ​វិញ​​យើង​ឃើញ​ថា​សំរាប់​ម្ហូប​អារហារ ភេសជ្ជៈ និង​ថ្នាំ​ពេទ្យ​វិញ​គឺ​រហូត​ដល់​​ទៅ​ ១៩,៨ ភាគរយ​ឯ​ណុះ ចំណែក​ឯ​តំលៃ​សាំង​វិញ​គឺ​កើន​ឡីង​ដល់ទៅ ១៧.១ ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​តំលៃ​កាល​ពី​ឆ្នាំ​ទៅ​មុន​ (​ប្រភព​ ៖ E-data, វិទ្យាស្ថាន​ជាតិ​ស្ថិតិ​)​។ ដូច្នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​កំណើ​ន​សេដ្ឋកិច្ច​​ដែល​មាន​អត្រា​​ត្រឹម​តែ ៨.៥ ភាគរយ (ផ.ស.ស ក្នុង​ប្រជាជន​ម្នាក់ ១១.៣ ភាគរយ​) ​នៅ​ក្នុង​ឆ្នាំ ២០០៧ នោះ​ យើង​ឃើញ​ថា​វា​មិន​អាច​ទប់​ទល់​នឹង​ការ​កើន​ឡើង​នៃ​តំលៃ​ទំនិញ​បាន​ឡើង។ ហើយ​អ្វី​ដែល​ជា​បញ្ហា​ធំ​នោះ​គឺ​​កំណើន​សេដ្ឋកិច្ច​នេះ​​មិន​សូវ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រ​ជា​ជន​នៅ​តាម​ជនបទ និង​ប្រជាជន​ក្រី​ក្រ​ឡើយ ព្រោះ​គំលាត​រវាង​អ្នក​ក្រ និង​អ្នក​មាន​កាតន់​តែ​ធំ​ទៅ​ៗ​ ដែល​វា​ជា​សញ្ញា​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​។

ហ៊ឺ… បើ​តំលៃ​សំាងសាំង​ និង​ម្ហូប​អារហារ​ឡើង​​ថ្លៃ​យ៉ាង​នេះ​ តើ​អោយ​ប្រជាជន​រស់​យ៉ាង​ម៉េច​ទៅ :(

តាមដាន

Get every new post delivered to your Inbox.